គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ជំងឺរាតត្បាតបានប្តូរទម្លាប់នៃការប្រើប្រាស់

កាលបរិច្ឆេទ: ២៥ ឧសភា ២០២១ / ជិវិត និងសង្គម

ក្រុមហ៊ុនស្រាវជ្រាវ និងវិភាគទិន្នន័យ YouGov ដែលមានស្នាក់ការនៅទីក្រុងឡុងដ៍បានធ្វើការសាកសួរអ្នកប្រើប្រាស់ប្រមាណជាង១៩ ០០០នាក់នៅលើទីផ្សារចំនួន១៧លើពិភពលោកដើម្បីដឹងពីឥរិយាបថក្នុងការទិញរបស់ពួកគេ។ លទ្ធផលបានបង្ហាញថា ក្នុងចំណោមពួកគេទាំងនោះ ៥៩% ទទួលស្គាល់ថា ទម្លាប់នៃការទិញរបស់ពួកគេបានផ្លាស់ប្តូរទាំងស្រុងតាំងពីមានវិបត្តិជំងឺកូវិដមក។ ចំណែកឯនៅប្រទេសដាណឺម៉ាក​ ៤៤% ប្រទេសបារាំង ៤៦% និងប្រទេសអាល្លឺម៉ង់ ៤៧% ដែលនៅទីនោះអ្នកប្រើប្រាស់ចូលចិត្តទៅទិញទំនិញនៅហាងផ្ទាល់ច្រើនជាងទិញតាមអនឡាញនោះ ទម្លាប់នៃការទិញមានការប្រែប្រួលតិចជាងគេបើធៀបទៅនឹងទីផ្សារដទៃទៀត។

លទ្ធផលនៃការសិក្សាបានបង្ហាញយ៉ាងច្បាស់ថា ការបញ្ជាទិញតាមអនឡាញកំពុងតែទទួលបានជោគជ័យ។ ក្នុងចំណោមអ្នកដែលគេបានសួរសំណួរជាង ៤០% បានឆ្លើយថា ចាប់ពីពេលនេះតទៅពួកគេនឹងងាកទៅទិញទំនិញតាមអនឡាញច្រើនជាងមុន។ គឺនៅប្រទេសអាល្លឺម៉ង់ដែលទំនោរនេះមានភាគរយទាបជាងគេ ២៩%។

ទិន្នន័យសំខាន់មួយទៀតនៃការសិក្សានេះដែរបានបង្ហាញថា ភាគច្រើននៃអ្នកដែលត្រូវបានគេសាកសួរ៥៤%​ បានឲ្យដឹងថា នៅពេលជំងឺរាតត្បាតបាត់អស់កាលណា ពួកគេនឹងចាប់អារម្មណ៍កាន់តែច្រើនឡើងៗទៅលើស្ថេរភាពនៃទំនិញនៅពេលដែលពួកគេត្រូវសម្រេចចិត្តទិញអ្វីមួយ។ ទីផ្សារចំនួនបីដែលអ្នកប្រើប្រាស់មានទំនោរបែបនេះមានភាគរយទាបជាងគេគឺនៅអឺរ៉ុប។ មួយភាគបី ៣៣% នៃអ្នកដែលបានឆ្លើយសំណួរនៅទីផ្សារដាណឺម៉ាក ៣៤% នៅទីផ្សារស៊ុយអែត និង ៣៥% នៅទីផ្សារអាល្លឺម៉ង់ បានឲ្យដឹងថា ពួកគេមានបំណងទិញទំនិញដែលអាចប្រើប្រាស់បានយូរអង្វែង។

លទ្ធផលនៃការសិក្សានេះក៏បានបង្ហាញផងដែរពីនិន្នាការក្នុងការទិញទំនិញដែលនៅជិតកន្លែងពួកគេរស់នៅ។ បីភាគប្រាំនៃអ្នកប្រើប្រាស់ ៦០% នៅលើទីផ្សារទាំង១៧ អះអាងថា ពួកគេនឹងគាំទ្រក្រុមហ៊ុនក្នុងស្រុក ហើយពួកគេនឹងទិញទំនិញដែលផលិតនៅក្នុងស្រុកឲ្យបានច្រើនជាងមុននៅពេលណាដែលជំងឺរាតត្បាតរលាយបាត់។ នៅក្នុងលំដាប់ថ្នាក់ពិភពលោក ប្រទេសឥណ្ឌា និងប្រទេសមិចស៊ីកនាំមុខគេ ព្រោះថាភាគច្រើនលើសលប់នៃអ្នកប្រើប្រាស់នៅប្រទេសទាំងពីរនេះ ៧៥% នៅប្រទសឥណ្ឌា និង៧៧% នៅប្រទេសមិចស៊ីក​ គ្រោងនឹងអនុវត្តនិន្នាការនេះ។ មិនត្រឹមតែគាំទ្រក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះទេ ៧៤% នៃអ្នកប្រើប្រាស់នៅប្រទេសទាំងពីរនេះអាចក្លាយជាអតិថិជនសម្រាប់ទំនិញដែលប្រើបានយូរអង្វែងទៀតផង នៅពេលណាដែលវិបត្តិជំងឺកូវិដឈានដល់ទីបញ្ចប់។

ទាក់ទិននឹង​ប្រភេទទំនិញវិញ យើងកត់សម្គាល់ឃើញថា ប្រទេសឥណ្ឌា ២៩% និងប្រទេសចិន ២៧% គឺជាទីផ្សារធំជាងគេដែលមានអ្នកប្រើប្រាស់គ្រឿងស្រវឹងច្រើនជាងគេនៅលើពិភពលោកក្នុងអំឡុងពេលមានវិបត្តិកូវីដ។ ចំណែកឯនៅអាស៊ី-ប៉ាស៊ីហ្វិកឯណោះវិញ គេសង្កេតឃើញថាអ្នកប្រើប្រាស់នាំគ្នាសម្រុកទិញផលិតផលកកជាពិសេសនៅទីក្រុងហុងកុង និងទីក្រុងសឹង្ហបុរី។

ផ្ទុយទៅវិញ ផលិតផលគ្រឿង​សម្អាងគឺជាប្រភេទទំនិញដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីវិបត្តិជំងឺកូវីដនៅលើពិភពលោក។ ជាក់ស្តែង ប្រមាណជាងមួយភាគបី ៣៦% នៃអ្នកប្រើប្រាស់នៅឥណ្ឌាបានអះអាងថា ពួកគេបានកាត់បន្ថយការទិញផលិតផលថែរក្សាសម្ផស្ស ឬគ្រឿងសម្អាង ហើយមានតែមួយភាគប្រាំប៉ុណ្ណោះដែលបញ្ជាក់ថា ពួកគេបានបង្កើនការប្រើប្រាស់ផលិតផលបែបនេះ៕